និយមន័យនៃពាក្យអាពាហិពិពាហ៍គឺ មានច្រើនអាស្រ័យទៅលើការយល់ឃើញ និងទស្សនៈរបស់មនុស្សម្នាក់ៗ។ អាពាហិពិពាហ៍អាចកើតឡើងក្រោមរូបភាពជាច្រើន ហើយគូស្រករខ្លះក៏ទទួលបានជោគជ័យក្នុងជីវិតអាពាហិពិពាហ៍របស់ខ្លួន ឯអ្នកខ្លះក៏ទទួលបរាជ័យ។ មូលហេតុគឺ បណ្តាលមកពីការមិនចុះសម្រុងគ្នា, ការខ្វែងគំនិត, ការមិនអត់អោន, គ្មានអ្នកណាម្នាក់ព្រមធ្វើជាអ្នកចាញ់, មិនមែនជាមនុស្សដែលខ្លួនស្រលាញ់, ការលួចភិតក្បត់, ការរារែងពីក្រុមគ្រួសារ, និងការស្វែងយល់ពីគ្នាមិនទាន់ច្បាស់។ល។
-
ចាស់ៗពីដើមរៀបការជាមួយគ្នាគឺ តាមការទុកដាក់របស់មេបាដែលពេលខ្លះខាងស្រី និងខាងប្រុសសុទ្ធតែមិនដែលស្គាល់គ្នា តែពួកគេក៏អាចស្រលាញ់ និងរស់នៅជាមួយគ្នារហូតតកូនតចៅបាន តែខ្លះក៏ទ្រាំរស់នៅក្នុងនាមជាប្រពន្ធ។ សម្រាប់អ្វីដែលហៅថាសុភមង្គល ខ្លះក៏ទទួលបាន ខ្លះក៏អត់ ។
-
ចំណែកគូស្រករសម័យថ្មីស្រលាញ់គ្នាប្តូរផ្តាច់ បើទោះមានការបំបែកពីក្រុមគ្រួសារទាំងសងខាងយ៉ាងណាក៏មិនព្រមចុះចាញ់ តែចុងក្រោយពេលដែលបានរូមរស់ជាមួយគ្នាបែរជាមានការរកាំរកូស បែកគ្នាដោយឯកឯង។ តែក៏មិនមែនសុទ្ធតែបែបនេះទាំងអស់នោះដែរ ព្រោះមានគូរស្រករខ្លះ គឺរៀបការដោយការស្រលាញ់ មិនមែនដោយការបង្ខំ រឺក៏ធ្វើតាមការរៀបចំរបស់គ្រួសារ ហើយគេក៏ទទួលបានគ្រួសារមួយដែលកើតឡើងពីការស្រលាញ់យ៉ាងមានសុភមង្គល។
ពាក្យចាស់ថា “មនោសញ្ចេតនាគឺអាចបង្កើតបាន” បើទោះដំបូងមិនស្រលាញ់ តែបើរស់នៅជាមួយគ្នាយូរទៅគង់នឹងស្រលាញ់គ្នាមិនខាន។ មែន គឺភាគច្រើនដូចអ្វីដែលបានពោលនោះឯង តែក៏មិនប្រាកដ១០០ភាគរយ ថាមនុស្សដែលរស់នៅជាមួយគ្នានោះ គឺជាការស្រលាញ់ដ៏ពិតប្រាកដ រឺក៏ធ្វើដើម្បីបំពេញកិច្ចរឺយ៉ាងណានោះទេ។ រៀបការដើម្បីគ្រួសារ ទាំងដែលខ្លួនមានមនុស្សដែលស្រលាញ់រូចទៅហើយ, ដើម្បីបំពេញកាត្វកិច្ចជាកូនស្រី, រៀបការដើម្បីលុយ, រៀបការដើម្បីរំដោះភាពនៅលីវ សួរថាតើមានមនុស្សប៉ុន្មានអ្នកដែលទទួលសុភមង្គលក្រោយពេលរៀបការដោយបែបនេះ? គេរៀបការដើម្បីបំណងមួយ វាមិនមែនជាការស្រលាញ់ មិនមែនជាការពេញចិត្ត បើគិតឲ្យដល់គឺដូចជាអយុត្តិធម៌សម្រាប់ខ្លួនឯង និងអ្នកដែលទទួលអំពើដែលយើងប្រព្រឹត្តណ៍ពេកហើយ ។
មិនថាពេលមុន រឺពេលបច្ចុប្បន្ននោះទេ ការរៀបអាពាហិពិពាហ៍ដោយមិនបានស្គាល់គ្នា និងស្វែងយល់ចិត្តគ្នាជាមុនគឺនៅតែមានក្នុងសង្គមរស់នៅ។ ខ្ញុំមិនដឹងថាការដែលចាប់ផ្តើមសាងជីវិតជាមួយមនុស្សដែលមិនធ្លាប់ស្គាល់នោះតើត្រូវចាប់ផ្តើមដោយរបៀបណានោះទេ? តើពិតជាអាចទៅរូចដែរមែនទេសម្រាប់ការចាប់ផ្តើមបែបនេះ? បើទោះជាគេជាមនុស្សល្អ តើយើងចុះសម្រុងគ្នារឺ? តើគេអាចមានចិត្តស្រលាញ់យើងមែន? តើត្រូវប្រើពេលយូរប៉ុណ្ណាទើបអាចសម្របចិត្តបាននោះ? តើយើងត្រូវបង្ខំចិត្តធ្វើនូវអ្វីដែលយើងមិនចង់ធ្វើដើម្បីសេចក្តីសុខអ្នកដទៃទៀតរឺ?
ចូលដល់ឆ្នាំ២០១១នេះហើយ ការចេះដឹង ការរៀនសូត្រ និងបច្ចេកវិទ្យាកាន់តែរីកលូតលាស់ ឯនារីក៏ត្រូវបានគេលើកតម្លៃច្រើនដែរ ខ្ញុំជឿថាគ្រប់គ្នាសុទ្ធតែមិនចង់ធ្វើនូវអ្វីដែលខ្លួនមិនចង់ធ្វើនោះទេ។ តែពេលខ្លះយើងក៏មិនអាចបដិសេធវាបាន ព្រោះដោយសារកាលៈទេសៈ ពេលវេលា និងបរិស្ថានជុំវិញដែលបង្ខំឲ្យយើងព្រមទទួលនូវអ្វីដែលយើងមិនចង់ធ្វើនោះ ដើម្បីសេចក្តីសុខមនុស្សជាទីស្រលាញ់ និងគ្រួសាររបស់ខ្លួន។
ចុះអ្នកទាំងអស់គ្នាវិញ តើអាពាហិពិពាហ៍បែបណាដែលអ្នកចង់បាន? ជ្រើសរើសដោយខ្លួនឯង? រឺត្រូវតម្រូវតាមគ្រួសារ?
បើអ្នកទាំងអស់គ្នាសប្បាយចិត្តនឹងឃើញកូនរៀបការ ទឹកចិត្តជាកូនស្រីកូននឹងព្រមធ្វើតាមបំណងអ្នកទាំងអស់គ្នា តែសូមកុំសួរកូនថា “កូនមានសេចក្តីសុខរឺអត់?”
ទឹកចិត្តកូនស្រី




















